KhmerPronunciationEnglish/Notes#occ
សណ្ដាប់ធ្នាប់ sɑndap tnoap 1. conduct, manners, behavior, discipline, personality, order, method, arrangement
2. act, action
Notes: ជើង ដ
40/21

Link to overview page
Link to dictionary

Going To The ATM (Sakanan) — 14


ចូលដល់ក្នុងរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីម៉ាស៊ីនអេធីអឹមនោះ បានបញ្ចេញសាច់ប្រាក់តាមរន្ធសាច់ប្រាក់ចេញមកក្រៅហើយ នារីម្នាក់នោះ គាត់បានយកដៃស្ដាំរបស់គាត់ចាប់ទាញសាច់ប្រាក់ចេញមក អញ្ចឹងម៉ាស៊ីនអេធីអឹម គាត់បានបញ្ចេញតែពាក់កណ្ដាលនៃទំហំសាច់ប្រាក់នោះទេ ដូច្នេះហើយ យើងត្រូវចាប់ទាញចេញមកក្រៅ ដើម្បីយកលុយទាំងនោះ ព្រោះថាប្រសិនបើម៉ាស៊ីនបញ្ចេញលុយទាំងមូល លុយនឹងអាចធ្លាក់ បាទ លុយនឹងអាចធ្លាក់ចុះ ហើយរាយប៉ាយ ដូច្នេះហើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់នោះ ម៉ាស៊ីនគឺបញ្ចេញលុយតែពាក់កណ្ដាលខ្លួន ឬក៏ពាក់កណ្ដាលនៃសាច់ប្រាក់នោះតែប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់សាច់ប្រាក់ ឬក៏ឲ្យនារីនោះ ចាប់ទាញចេញមក ដូច្នេះលុយទាំងនោះ គឺមិនធ្លាក់រាយប៉ាយគ្មានសណ្ដាប់ធ្នាប់នោះទេ គឺលុយនឹងរក្សាបានសណ្ដាប់ធ្នាប់របស់វាល្អតែម្ដង

Getting Up (Sakanan) — 12


ចូលដល់រូបភាពទី ១២ អញ្ចឹងនៅក្នុងរូបភាពទី ១២ បន្ទាប់ពីគាត់ផ្លាស់សម្លៀកបំពាក់រួច បានន័យថាគាត់ស្លៀកពាក់ខោអាវធ្វើការរួចរាល់ហើយ គាត់បានចេញពីបន្ទប់គេងរបស់គាត់ ដោយគាត់ដើរសំដៅមកតុមួយនៅក្នុងផ្ទះ បាទ អញ្ចឹងតុនោះគឺមានកាបូបរបស់គាត់ បាទ អញ្ចឹងកាបូបស្ពាយធ្វើការរបស់គាត់គឺមានពណ៌ទឹកក្រូច បាទ ហើយនៅលើតុនោះគឺមានអំពូលមួយ គេហៅថាអំពូលចាន អញ្ចឹងអំពូលមួយនោះ គឺដាក់បំភ្លឺនៅលើតុរបស់គាត់ ដោយគាត់បានដាក់កាបូបនៅលើនោះអញ្ចឹងនារីម្នាក់នោះគឺជាមនុស្សដែលមានសណ្ដាប់ធ្នាប់ម្នាក់ បានន័យថា សម្ភារៈរបស់គាត់ដែលគាត់ត្រូវការដើម្បីទៅធ្វើការ គឺគាត់រៀបចំរួចរាល់អស់ហើយ នៅក្នុងកាបូបស្ពាយរបស់គាត់ ដូច្នេះនៅពេលដែលគាត់ផ្លាស់ខោអាវរួច គាត់ពុំចាំបាច់ដើររកសម្ភារៈ ដើម្បីទៅធ្វើការនោះទេ គាត់គ្រាន់តែមកស្ពាយនូវកាបូប ឬក៏យកកាបូបគាត់ គឺជាការស្រេចតែម្ដង ព្រោះអ្វីដែលគាត់ត្រូវការ គឺគាត់រៀបចំនៅក្នុងកាបូបនេះរួចជាស្រេចទៅហើយ

Shopping For A T-Shirt (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ បន្ទាប់ពីអ្នកលក់បានទទួលអាវលឿងនោះពីបុរសម្នាក់នោះហើយ អ្នកលក់ក៏បានបត់អាវនោះយ៉ាងមានសណ្ដាប់ធ្នាប់និងយ៉ាងស្អាតអញ្ចឹងគាត់គឺបានបត់អាវនោះយ៉ាងស្អាត ហើយចាក់ ដាក់ចូលទៅក្នុងថង់មួយអញ្ចឹងក្នុងការទិញខោអាវគឺអ្នកលក់តែងតែបត់អាវដាក់ចូលទៅក្នុងថង់ ព្រោះថាប្រសិនបើអត់ដាក់ថង់ទេ គឺអាវនោះនឹងពិបាកនៅក្នុងការយួរ ហើយអាចប្រឡាក់អាវបាន អញ្ចឹងអាវ ដោយសារអាវជាអាវថ្មី ដូច្នេះគឺយើងអត់ត្រូវធ្វើឲ្យប្រឡាក់នោះទេ ដោយសារតែប្រសិនបើប្រឡាក់ អតិថិជននឹងមិនពេញចិត្តនោះទេ ដូច្នេះនារីនោះ អ្នកលក់ក៏បានបត់អាវនោះយ៉ាងស្អាត ហើយដាក់ចូលទៅក្នុងថង់ អញ្ចឹងនៅពេលដែលយើងដាក់អាវចូលទៅក្នុងថង់ គឺអតិថិជនងាយស្រួលយួរទៅផ្ទះម្យ៉ាងវិញទៀតវាអត់ធ្វើឲ្យអាវប្រឡាក់ទៀតផងអញ្ចឹងរូបភាពទី ១៤ គឺយើងឃើញថាអ្នកលក់ គាត់កំពុងតែខ្ចប់អាវនោះចូលទៅក្នុងថង់មួយ ដើម្បីឲ្យទៅអតិថិជនរបស់គាត់

Pickpocket (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ បុរសម្នាក់នោះ គាត់ក៏បានងាកមកខាងក្រោយ ដើម្បីយកកាបូបរបស់គាត់ អញ្ចឹងបានន័យថាសំបុត្ររបស់គាត់ ឬក៏កាតរបស់គាត់ គឺទុកនៅក្នុងកាបូបលុយរបស់គាត់ ដូច្នេះហើយគាត់ក៏បានងាកមកខាងក្រោយ ហើយយកដៃមួយម្ខាងរបស់គាត់លូកមកហោប៉ៅខាងក្រោយ ដើម្បីដកយកកាបូបលុយ ព្រោះជាទូទៅមនុស្សប្រុសតែងតែទុកសម្ភារៈតូចផ្សេងដូចជាកាតបុគ្គលិក ដូចជាអត្តសញ្ញាណប័ណ្ណ ដូចជាលុយ ដូចជាសំបុត្រផ្សេងនៅក្នុងកាបូបលុយរបស់គាត់ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ ព្រោះថាប្រសិនបើយើងទុកនៅក្នុងហោប៉ៅ ឬក៏ទុកនៅកន្លែងផ្សេងទៀត វាអាចនឹងធ្វើឲ្យយើងវង្វេងបាត់ យើងមិនងាយស្រួលរកនោះទេ ក៏ប៉ុន្តែប្រសិនបើយើងទុកនៅក្នុងកាបូបលុយ គឺយើងនឹងងាយស្រួលយកមកវិញ ដូចបុរសនេះ គាត់បានទុកសំបុត្ររថភ្លើង ឬក៏កាតរបស់គាត់នៅក្នុងហោប៉ៅ ឬក៏នៅក្នុងកាបូបលុយ ដែលដាក់នៅក្នុងហោប៉ៅក្រោយ អញ្ចឹងនៅពេលដែលគាត់ត្រូវការ គាត់គ្រាន់តែងាកទៅខាងក្រោយ ហើយយកដៃលូកកាបូបលុយនោះជាការស្រេច

Rice (Sakanan) — 05


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញជាសំណាបមួយគុម្ពធំ អញ្ចឹង ក្រោយពេលដែលយើងសាប ឬក៏យើងព្រួសគ្រាប់ស្រូវចូលទៅក្នុងស្រែរួចរាល់ហើយ រយៈពេលសប្តាហ៍ ឬក៏សប្តាហ៍ក្រោយមក គ្រាប់ស្រូវនោះនឹងដុះទៅជាដើមស្រូវ អញ្ចឹងដើមស្រូវ នៅពេលដែលវានៅខ្ចី យើងហៅថា ដើមស្រូវខ្ចី គឺយើងហៅថាសំណាប អញ្ចឹងសំណាប នៅពេលដែលវាដុះបានបន្តិច ប្រហែលជាលូតវែងបន្តិចក្រោយមក គឺកសិករនឹងចាប់ផ្ដើមដកសំណាបនោះយកមកចងជាបាច់ដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពទីនេះ គឺកសិករដកដើមស្រូវតូចឬក៏យើងហៅថាសំណាបនោះរួចរាល់ហើយ ហើយគាត់ក៏ចងជាបាច់ដើម្បីយកទៅស្ទូង អញ្ចឹងគាត់ចងជាបាច់ប៉ុន្តែគាត់អត់យកទៅណាឆ្ងាយចេញពីស្រែរបស់គាត់ទេ គឺគាត់ចងហើយ គាត់ដាក់នៅក្នុងស្រែរបស់គាត់ដដែល ដើម្បីរង់ចាំរយៈពេលស្ទូង អញ្ចឹងដើម្បីកុំឲ្យសំណាបរបស់គាត់រាយប៉ាយ ឬក៏រាយប៉ាយនៅក្នុងស្រែរបស់គាត់ គាត់ត្រូវចងសំណាបនោះជាបាច់ដើម្បីឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយ មុននឹងយកទៅធ្វើការស្ទូងស្រូវ

Getting Up (Sakanan) — 04


បាទ ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់បិទនាឡិការោទ៍គាត់ហើយ បាទ អញ្ចឹងគាត់បិទនាឡិការោទ៍ ដើម្បីកុំឲ្យមានសំឡេងរំខាននៅក្នុងផ្ទះគាត់ បន្ទាប់ពីគាត់បិទនាឡិការោទ៍ហើយ នារីម្នាក់នោះ គាត់បានដើរចេញពីកន្លែងគ្រែគេងរបស់គាត់ អញ្ចឹងជាទូទៅ បន្ទាប់ពីយើងភ្ញាក់ពីគេង យើងត្រូវរៀបចំកន្លែងគេងរបស់យើងឲ្យមានសណ្ដាប់ធ្នាប់ បាទ អញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ បាទ បន្ទាប់ពីគាត់ភ្ញាក់ពីគេងហើយ គាត់ត្រូវរៀបចំកន្លែងគេងរបស់គាត់ ដោយរៀបចំខ្នើយនិងភួយឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកគាត់ក៏បានដើរចេញពីគ្រែគេងរបស់គាត់ បាទ ព្រោះថានៅពេលដែលយើងភ្ញាក់ពីគេង យើងមិនត្រូវអង្គុយនៅលើគ្រែយូរពេកនោះទេ វានាំឲ្យយើងខាតពេលវេលា ព្រោះថាយើងត្រូវប្រញាប់រៀបចំខ្លួនដើម្បីទៅសាលា ឬក៏ទៅធ្វើការទៀតអញ្ចឹងភ្លាមបន្ទាប់ពីភ្ញាក់ពីគេង យើងត្រូវក្រោកចេញ ហើយរៀបចំកន្លែងគេងរបស់យើងឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកយើងត្រូវទៅបន្ទប់ទឹក ដើម្បីងូតទឹកអញ្ចឹងនៅក្នុងរូបភាពទីនេះ នារីម្នាក់នោះ គាត់បានដើរចេញពីគ្រែគេងរបស់គាត់ ហើយដើរសំដៅទៅបន្ទប់ទឹក

Breaking A Bowl (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ បន្ទាប់ពីគាត់ប្រើប្រាស់ម៉ាស៊ីនបូមធូលីនោះរួចរាល់ហើយ អញ្ចឹងបានន័យថាគាត់ប្រាកដថាគាត់បានសម្អាតនៅក្នុងផ្ទះបាយរបស់គាត់បានស្អាតហើយ បន្ទាប់ពីគាត់ធ្វើឲ្យបែកចានអម្បាញ់មិញ ហើយគាត់យកម៉ាស៊ីនបូមធូលីទៅបូមអំបែងចានឲ្យអស់ចេញពីកម្រាលឥដ្ឋ បន្ទាប់ពីគាត់សម្អាតរួចរាល់ហើយ គាត់ក៏បានចាប់បំពង់ម៉ាស៊ីនបូមធូលីដោយដៃទាំងពីររបស់គាត់ ហើយគាត់បានអូសម៉ាស៊ីនបូមធូលីនោះយកមកទុកនៅកន្លែងដើមវិញអញ្ចឹងនៅពេលដែលគាត់ប្រើប្រាស់ម៉ាស៊ីនបូមធូលី គឺគាត់អត់ចាំបាច់លើកម៉ាស៊ីននោះឡើងលើទេ អញ្ចឹងគាត់អត់ចាំបាច់លើក ឬក៏យួរម៉ាស៊ីនបូមធូលីនោះទេ ដោយសារតែម៉ាស៊ីនបូមធូលីគឺធ្ងន់ អញ្ចឹងគឺវាមានកង់សម្រាប់រុញ ដូច្នេះដើម្បីប្រើប្រាស់វា គឺយើងគ្រាន់តែរុញ ឬក៏អូសវា គឺវាអាចទៅមុខបានយ៉ាងស្រួលដោយសារវាមានកង់ អញ្ចឹងយើងអត់ចាំបាច់លើកវានោះទេ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺបុរសម្នាក់នោះ គាត់កំពុងតែអូសម៉ាស៊ីនបូមធូលី គាត់កំពុងតែអូសម៉ាស៊ីនបូមធូលីចូលមកក្នុងផ្ទះ ឬក៏ចូលមកក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់វិញ ដោយគាត់ដាក់ម៉ាស៊ីនបូមធូលីទៅកាន់កន្លែងដើមរបស់វា អញ្ចឹងបុរសម្នាក់នេះ គឺជាមនុស្សដែលមានសណ្ដាប់ធ្នាប់ ដូច្នេះគាត់ប្រើប្រាស់របស់ នៅពេលដែលគាត់ប្រើប្រាស់របស់រួចហើយ គាត់តែងតែដាក់របស់នោះចូលទៅក្នុងកន្លែងដើមវាវិញ ដើម្បីកុំឲ្យពិបាករកនៅពេលដែលគាត់ចង់ប្រើប្រាស់ពេលក្រោយទៀត

Cold Season (Sakanan) — 08


នៅក្នុងរូបភាពទីចូលដល់រូបភាពទីក្មេងប្រុសម្នាក់នោះ គាត់បានមកដល់សាលារបស់គាត់ហើយអញ្ចឹងគាត់មកដល់សាលារបស់គាត់ ដោយគាត់បានបណ្ដើរម៉ូតូបាទ អញ្ចឹងនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់នោះ គាត់កំពុងតែបណ្ដើរម៉ូតូ ដើម្បីទៅកន្លែងចតនៅពេលដែលយើងជិះម៉ូតូទៅសាលា ឬក៏ជិះកង់ទៅសាលា ដើម្បីជាវិន័យ ការគោរពវិន័យ យើងត្រូវបណ្ដើរ ចុះបណ្ដើរម៉ូតូ ឬក៏ចុះបណ្ដើរកង់ ព្រោះថានៅកម្ពុជា វិន័យសាលាមិនឲ្យជិះម៉ូតូឬក៏ជិះកង់ចូលក្នុងសាលានោះទេដោយនៅពេលដែលដល់ខ្លោងទ្វារសាលាហើយ សិស្សទាំងអស់ត្រូវចុះបណ្ដើរម៉ូតូឬក៏បណ្ដើរកង់ ដើម្បីទៅកន្លែងចតដូចនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់នោះ គាត់ពុំបានជិះម៉ូតូគាត់ចូលក្នុងសាលានោះទេ ព្រោះគាត់បានចុះពីលើម៉ូតូ រួចបណ្ដើរម៉ូតូរបស់គាត់បាទ ដោយដៃទាំងពីររបស់គាត់កាន់នូវចង្កូតម៉ូតូ ហើយគាត់ដើរនៅក្បែរម៉ូតូរបស់គាត់ ដោយកាន់ម៉ូតូបណ្ដើរៗៗ ហើយគាត់រកកន្លែងចត ដែលកន្លែងចតនោះគឺយើងឃើញមានម៉ូតូជាច្រើនដែលនៅចតនៅទីនោះបាទ អញ្ចឹងជាទូទៅកន្លែងចតម៉ូតូគឺគេចឲ្យមានសណ្ដាប់ធ្នាប់ អញ្ចឹងគេចជាជួរតែម្ដងក្មេងប្រុសម្នាក់នោះត្រូវយកម៉ូតូរបស់គេ ដើម្បីដាក់ចូលជួរម៉ូតូដែលគេកំពុងចតនោះផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅកន្លែងចតម៉ូតូ

Breaking A Bowl (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បោសសម្អាតនូវកម្ទេចកម្ទីនិងអំបែងចានរួចរាល់ហើយ គាត់កើបកម្ទេចកម្ទីចានរបស់គាត់ដាក់ចូលទៅក្នុងប្រដាប់កើបសំរាមរួចរាល់ហើយ អញ្ចឹងគាត់ក៏បានយកកម្ទេចកម្ទី ឬក៏អំបែងចាននោះ យកមកចាក់ចូលទៅក្នុងធុងសំរាម អញ្ចឹងអំបែងចាន ឬក៏អំបែងកែវ ឬក៏កម្ទេចកម្ទីដែលបានបែក គឺយើងអត់ត្រូវបោះចោលផ្ដេសផ្ដាសនោះទេ ព្រោះប្រសិនបើយើងបោះចោលផ្ដេសផ្ដាសពាសវាលពាសកាល អញ្ចឹងអាចធ្វើឲ្យអំបែងនោះ នៅលើផ្លូវ ឬក៏នៅលើទីធ្លាផ្សេងអញ្ចឹងប្រសិនបើមាននរណាម្នាក់មិនបានប្រុងប្រយ័ត្ន ប្រសិនបើគាត់អត់បានប្រុងប្រយ័ត្ន គាត់ដើរជាន់អំបែង អញ្ចឹងប្រសិនបើគាត់ដើរជាន់អំបែង អាចធ្វើឲ្យគាត់មុតជើង ឬក៏នៅពេលដែល[យើង]គាត់មិនប្រយ័ត្ន ប៉ះចំអំបែង អាចធ្វើឲ្យគាត់មុតដៃបាន អញ្ចឹងអាចធ្វើឲ្យនរណាម្នាក់មានគ្រោះថ្នាក់បាន នៅពេលដែលគេប៉ះពាល់ទៅអំបែងនោះអញ្ចឹងនៅពេលដែលមានការបែកចាន ឬក៏បែកកែវ យើងអត់ត្រូវយកអំបែងចានឬក៏អំបែងកែវនោះទៅបោះចោលផ្ដេសផ្ដាសនោះទេ គឺយើងត្រូវដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ គឺយើងត្រូវដាក់ក្នុងថង់ និងចងឲ្យបានត្រឹមត្រូវនៅក្នុងធុងសំរាម ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ បន្ទាប់ពីគាត់បោសប្រមូលកម្ទេចកម្ទីអំបែងចានរួចរាល់ហើយ គាត់ក៏បានយកអំបែងចានទាំងនោះ មកចាក់ចូលទៅក្នុងធុងសំរាម ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ គឺគាត់អត់យកចាក់ចោលពាសវាលពាសកាលនៅកន្លែងផ្សេងនោះទេ វាអាចធ្វើឲ្យមានគ្រោះថ្នាក់បាន

Going To The ATM (Sakanan) — 16


ចូលដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីនារីនោះ គាត់ប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដើម្បីដកប្រាក់រួចរាល់ហើយ គាត់ក៏បានដើរចេញពីម៉ាស៊ីននោះ បានន័យថាគាត់យកលុយនិងកាតអេធីអឹមរក្សាទុកនៅក្នុងកាបូបគាត់រួចរាល់ហើយ គាត់ក៏បានដើរចេញ បានន័យថាគាត់ក៏លែងត្រូវការប្រើប្រាស់ម៉ាស៊ីនអេធីអឹមនោះរួចទៀតហើយ អញ្ចឹងគាត់ដើរចេញ ដើម្បីឲ្យអ្នកដទៃប្រើប្រាស់ម្ដងអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា បន្ទាប់ពីគាត់ដើរចេញ គឺមាននារីម្នាក់ទៀតពាក់អាវដៃខ្លីខោជើងវែងពណ៌ខ្មៅ ក៏បានចូលទៅប្រើប្រាស់ម៉ាស៊ីនអេធីអឹមនោះម្ដងបានន័យថាអម្បាញ់មិញ នារីនោះ គាត់ឈរពីក្រោយនារីពាក់អាវខៀវ ដើម្បីរង់ចាំអញ្ចឹងការប្រើប្រាស់ម៉ាស៊ីនមួយ ដែលមានគ្នាច្រើនសម្រាប់ប្រើប្រាស់ យើងត្រូវតម្រង់ជួរគ្នា ដើម្បីរក្សាសណ្ដាប់ធ្នាប់ដូចនៅក្នុងរូបភាពនេះអញ្ចឹង គឺគេប្រើប្រាស់ម្ដងម្នាក់ៗ។ បន្ទាប់ពីនារីដែលពាក់អាវខៀវ ឬក៏ពាក់អាវពណ៌ទឹកសមុទ្រនោះ ដើរចេញពីម៉ាស៊ីន បានន័យថាគាត់ប្រើប្រាស់ម៉ាស៊ីននោះរួចរាល់ហើយ មាននារីម្នាក់ទៀត គាត់ចូលប្រើប្រាស់ម្ដងអញ្ចឹងនៅក្នុងរូបភាពនេះ គឺបង្ហាញអំពីការប្រើប្រាស់អេធីអឹមរួចរាល់ហើយ ហើយដើរចេញពីម៉ាស៊ីនអេធីអឹម ដើម្បីឲ្យអ្នកដទៃចូលប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដើម្បីដកប្រាក់របស់គេម្ដងវិញអញ្ចឹងយើងត្រូវការប្រើប្រាស់ម្ដងម្នាក់ដោយរក្សានូវសណ្ដាប់ធ្នាប់និងសុជីវធម៌របស់យើង ឲ្យបានខ្ពស់បំផុតនៅក្នុងការប្រើប្រាស់របស់រួមម៉ាស៊ីនអេធីអឹមគឺជារបស់រួម ដូច្នេះយើងត្រូវប្រើប្រាស់ដោយមានសុជីវធម៌ជាទីបំផុត

Rice (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដកសំណាបរបស់គាត់ចេញពីក្នុងស្រែរួចរាល់ហើយ អញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះ គឺកសិករកំពុងតែយកដើមស្រូវ ឬក៏ដើមសំណាបនោះទៅដោតចូលនៅក្នុងស្រែវិញ អញ្ចឹងការដោតដើមស្រូវ ឬក៏ដោតសំណាបចូលទៅក្នុងស្រែ យើងហៅថាការស្ទូង អញ្ចឹងយើងឃើញកសិករ គាត់កំពុងតែដើរនៅក្នុងទឹក បានន័យថាស្រែរបស់គាត់គឺមានទឹក អញ្ចឹងជាទូទៅការស្ទូងស្រូវ គឺយើងត្រូវការទឹកនៅក្នុងស្រែច្រើនជាងការសាប ឬក៏ការភ្ជួររាស់បន្តិច ដោយសារតែសន្ទូងយើងត្រូវការទឹក អញ្ចឹងដើមស្រូវដែលយើងយកទៅដោតចូលក្នុងដី យើងហៅថាសន្ទូង ហើយសកម្មភាពដែលយើងយកដើមស្រូវដោតចូលក្នុងដី យើងហៅថា ការស្ទូងស្រូវ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញកសិករ គាត់កំពុងតែត្រកង ឬក៏គាត់កំពុងតែបីដើមស្រូវ ឬក៏បីសន្ទូង ហើយដៃម្ខាងទៀត ដែលជាដៃឆ្វេង គាត់ក៏ចាប់ដើមស្រូវ ដោតចូលទៅក្នុងស្រែរបស់គាត់ម្ដងមួយដើមជាជួរអញ្ចឹងជាទូទៅការស្ទូងស្រូវ គឺគេស្ទូងមួយដើមហើយស្ទូងជាជួររបស់វាឲ្យមានសណ្ដាប់ធ្នាប់ អញ្ចឹងយើងឃើញសន្ទូងគឺមានសណ្ដាប់ធ្នាប់ជាងសំណាប ដោយសារតែសំណាបគឺកើតឡើងចេញពីការបាចគ្រាប់ស្រូវចូលទៅក្នុងស្រែ អញ្ចឹងវាដុះរាយប៉ាយ ឬក៏រប៉ាត់រប៉ាយ ប៉ុន្តែសន្ទូង គឺយើងយកដើមស្រូវខ្ចី ឬក៏សំណាប យកមកដោតចូលទៅក្នុងស្រែម្ដងទៀត ដោយដោតជាជួរម្ដងមួយដើមដូច្នេះយើងឃើញសន្ទូងគឺមានសណ្ដាប់ធ្នាប់ជាងសំណាប

Doing The Dishes (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងសម្អាតចានទាំងអស់រួចរាល់ហើយ គាត់ក៏បានលើកចានដែលបានលាងរួច មកដាក់នៅលើធុងរទេះមី ឬក៏រទេះទឹកស៊ុប អញ្ចឹងគាត់បានលើកចានទាំងអស់នោះ មកដាក់លើធុងរទេះមី ដើម្បីឲ្យស្ត្រីអ្នកលក់នោះយកចាននោះទៅប្រើប្រាស់បន្តទៀត ដោយក្មេងប្រុសម្នាក់នោះ គាត់បានលើកចានចំនួនបួនមកដាក់លើធុងរទេះមី ដោយមានចានខាងក្រោមគេគឺពណ៌ក្រហម ចានពីរនៅកណ្ដាលគឺពណ៌បៃតង និងចានមួយលើគេគឺពណ៌ក្រហមដូចគ្នា អញ្ចឹងគាត់លើកចាននោះដោយដៃពីរ ព្រោះថាគាត់នៅតូច អញ្ចឹងចានច្រើនគាត់អត់អាចលើកដោយដៃម្ខាងបានទេ ព្រោះប្រសិនបើគាត់លើកដោយដៃម្ខាង ចាននោះអាចនឹងធ្លាក់បែក ឬក៏អាចធ្លាក់ចេញពីដៃរបស់គាត់ ធ្វើឲ្យចាននោះធ្លាក់បែក អញ្ចឹងប្រសិនបើធ្លាក់បែក ថៅកែរបស់គាត់នឹងស្ដីបន្ទោស ឬក៏បណ្ដេញគាត់ចេញពីការងារ អញ្ចឹងគាត់អត់ត្រូវធ្វើឲ្យចានបែកនោះទេ ដូច្នេះគាត់ត្រូវតែលើកចាននោះដោយប្រុងប្រយ័ត្នជាទីបំផុតអញ្ចឹងនៅក្នុងការធ្វើការងារ យើងត្រូវតែធ្វើការដោយប្រុងប្រយ័ត្ន ដោយការយកចិត្តទុកដាក់ យើងមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះប្រសិនបើយើងធ្វេសប្រហែសយើងអាចនឹងត្រូវមាត់ ឬក៏ធ្វេសប្រហែសយើងអាចនឹងត្រូវថៅកែស្ដីឲ្យ ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់ធ្វើការរបស់គាត់យ៉ាងយកចិត្តទុកដាក់ ដោយគាត់លាងសម្អាតចានបានយ៉ាងស្អាតល្អ ហើយចានរបស់គាត់នីមួយៗ គាត់ត្រួតយ៉ាងមានសណ្ដាប់ធ្នាប់ ដើម្បីយកមកឲ្យស្ត្រីដែលជាអ្នកលក់គាត់ប្រើប្រាស់បន្តទៀត

Laundry (Sakanan) — 16


បន្ទាប់មកទៀតនៅក្នុងរូបភាពចុងក្រោយ រូបភាពទី ១៦ រូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់បត់ខោអាវរួចរាល់ហើយ បាទ ខោអាវយឺតរបស់គាត់ អាវយឺតខោខោវប៊យ យើងត្រូវបត់ បន្ទាប់ពីគាត់បត់អាវយឺតរួចរាល់ហើយ អាវផ្សេងទៀត ដូចជាអាវឯកសណ្ឋានទៅរៀន ឯកសណ្ឋានទៅសាលា ឬក៏ឯកសណ្ឋានដែលគាត់ពាក់ទៅធ្វើការជាដើម អញ្ចឹងខោអាវទាំងនោះ យើងមិនអាចបត់បានទេ ព្រោះថានៅពេលដែលយើងបត់ វាអាចឲ្យខ្ទេចសាច់ក្រណាត់ អញ្ចឹងយើងពិបាកនៅក្នុងការពាក់ដើម្បីទៅធ្វើការ ដូច្នេះហើយខោអាវឯកសណ្ឋានសាលា ឬក៏ឯកសណ្ឋានដើម្បីទៅធ្វើការ យើងត្រូវព្យួរវាឲ្យមានសណ្ដាប់ធ្នាប់ គឺយើងមិនបត់នោះទេ អញ្ចឹងយើងត្រូវព្យួរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញបុរសនោះ គាត់បានយកខោអាវមួយចំនួន ដែលជាអាវធ្វើការរបស់គាត់ ទៅព្យួរនៅក្នុងទូវិញ ដោយយើងឃើញគាត់បើកទ្វារទូម្ដងទៀត ហើយយកស្មាអាវរបស់គាត់ ស្មាអាវដែលនៅក្នុងទូនោះ មកព្យួរជាមួយនឹងអាវ ដូច្នេះគាត់យកអាវរបស់គាត់ទៅព្យួរនឹងស្មាអាវ រួចហើយយកខោអាវដែលព្យួររួចនោះ ទៅដាក់នៅក្នុងទូ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា មានអាវចំនួនពីរនៅក្នុងទូរបស់គាត់ ដែលគាត់បានព្យួររួចហើយ ដូចជាអាវនោះ ពណ៌ ដូចជាស្វាយ ហើយនិងអាវពណ៌ខៀវ អញ្ចឹងនៅក្នុងដៃរបស់គាត់ គឺមានអាវពណ៌លឿងមួយទៀត ដែលជាអាវដៃវែង អញ្ចឹងគាត់កំពុងតែយកអាវដៃវែងពណ៌លឿងនោះ ទៅព្យួរនៅក្នុងទូមួយទៀត ដើម្បីទុកឲ្យវាមានសណ្ដាប់ធ្នាប់ និងចៀសផុតពីការប្រឡាក់ ហើយគាត់ត្រៀមសម្រាប់ការស្លៀកពាក់ទៅធ្វើការនៅថ្ងៃស្អែកទៀត

Laundry (Sakanan) — 01


ជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញមានក្មេងប្រុសម្នាក់ បាទ ក្មេងប្រុសម្នាក់ អាយុគាត់ប្រហែលជា ១៨ ឆ្នាំ ដោយក្មេងប្រុសម្នាក់ហ្នឹង គាត់មានសក់ខ្លីពណ៌ខ្មៅ គាត់ពាក់អាវដៃខ្លីពណ៌ បាទ ហើយគាត់ស្លៀកខោពណ៌ផងដែរ អញ្ចឹងក្មេងប្រុសម្នាក់ហ្នឹង កំពុងតែឈរច្រត់ចង្កេះ គាត់ឈរច្រត់ចង្កេះ ដោយភ្នែករបស់គាត់គឺសម្លឹងទៅមើលនៅក្នុងទូខោអាវរបស់គាត់ អញ្ចឹងយើងឃើញនៅពីមុខរបស់គាត់ នៅពីមុខគាត់ យើងឃើញមានទូខោអាវចំនួនមួយ បាទ ទូខោអាវចំនួនមួយ ហើយទូខោអាវនោះគឺកំពុងតែបើកទ្វារ អញ្ចឹងគាត់បើកទ្វារទូខោអាវ ដើម្បីរកមើលខោអាវនៅក្នុងទូ ប៉ុន្តែយើងឃើញថានៅក្នុងទូខោអាវនោះ គឺអត់មានខោអាវនោះទេ អញ្ចឹងទូខោអាវគឺអត់ឃើញមានខោអាវទេ គឺយើងឃើញតែមានស្មាអាវ អញ្ចឹងស្មាអាវគឺយើងប្រើសម្រាប់ព្យួរខោ ឬក៏ព្យួរអាវ ដើម្បីដាក់នៅក្នុងទូឲ្យមានសណ្ដាប់ធ្នាប់ ពេលខ្លះខោអាវគឺ នៅពេលដែលយើងដាក់នៅក្នុងទូ គឺយើងបត់ ធ្វើការបត់វា ឬក៏ធ្វើការព្យួរវា អញ្ចឹងប្រសិនបើយើងមិនមានស្មាអាវសម្រាប់ព្យួរនោះទេ យើងអាចបត់វា បាទ ក៏បានដែរ អញ្ចឹងយើងបត់វាដាក់ក្នុងទូ ទើបវាមានសណ្ដាប់ធ្នាប់និងមិនប្រឡាក់ ព្រោះថាខោអាវថ្មីប្រសិនបើយើងដាក់នៅខាងក្រៅ វាអាចនឹងហុយដីប្រឡាក់ជាក់ជាពុំខាន អញ្ចឹងយើងយកវាទៅដាក់ក្នុងទូ ហើយបិទទ្វារឲ្យជិត អញ្ចឹងវាអត់ប្រឡាក់ទេនៅពេលដែលយើងបោកហើយ នៅក្នុងរូបភាពនេះគឺ គាត់អត់មានខោអាវនៅក្នុងទូទៀតទេ ព្រោះគាត់ប្រើប្រាស់ ឬក៏គាត់ស្លៀកពាក់ខោអាវរបស់គាត់អស់មួយអាទិត្យ អញ្ចឹងគាត់អត់ទាន់បានបោក ដូច្នេះអត់មានខោអាវនៅក្នុងទូខោអាវរបស់គាត់ទេ

Post Office (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានដើរមករកកន្លែងខ្ចប់អីវ៉ាន់ បានន័យថានៅក្នុងការិយាល័យប្រៃសណីយ៍ គឺគេតែងតែមានតុមួយសម្រាប់ឲ្យយើងខ្ចប់អីវ៉ាន់ ដូច្នេះនៅពេលដែលយើងទិញឡាំងក្រដាសហើយ នៅពេលដែលក្មេងប្រុសម្នាក់នោះ គាត់ទិញឡាំងក្រដាសហើយ គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅរបស់គាត់នោះមករកតុមួយ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញមានតុមួយ ដែលនៅលើតុនោះគឺយើងឃើញមានក្រដាសកាសែត យើងឃើញមានដូចជាកាវ កាវស្អិត ហើយនិងស្កុតផងដែរអញ្ចឹងគឺការិយាល័យប្រៃសណីយ៍គឺគេតែងតែដាក់ឧបករណ៍ផ្សេងសម្រាប់ខ្ចប់អីវ៉ាន់នៅលើតុ ដើម្បីឲ្យអតិថិជនប្រើប្រាស់ អញ្ចឹងយើងអត់ចាំបាច់យកស្កុត អត់ចាំបាច់យកកាវទៅផ្ទាល់ខ្លួនទៅក៏បានដែរ ដោយនៅទីនោះគឺគេមានដាក់ឲ្យយើងស្រាប់តែម្ដង អញ្ចឹងគឺគេដាក់នៅលើតុដើម្បីឲ្យអតិថិជនទាំងអស់ប្រើប្រាស់ ដោយនៅពេលដែលយើងប្រើប្រាស់ហើយ យើងគ្រាន់តែដាក់នៅលើតុនោះវិញ ដើម្បីឲ្យអ្នកផ្សេងទៀតមកប្រើដោយយើងអត់ត្រូវយកនោះទេ ដោយសារតែរបស់នេះគឺគេដាក់ប្រើរួម ជារបស់រួម ដូច្នេះអ្នកណាក៏មានសិទ្ធិប្រើផងដែរ អញ្ចឹងក្មេងប្រុសម្នាក់ហ្នឹង គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅមករកតុខ្ចប់អីវ៉ាន់ ដែលយើងឃើញនៅក្រោមតុគឺមានធុងសំរាមមួយ អញ្ចឹងដោយសារតែនៅពេលដែលយើងខ្ចប់អីវ៉ាន់ គឺតែងតែមានសំរាម ដូចជាស្កុតដែលនៅសល់ ឬក៏ក្រដាសកាសែតដែលនៅសល់ ដូច្នេះគឺយើងអត់បោះចោលពាសវាលពាសកាលទេ អញ្ចឹងដើម្បីរក្សាអនាម័យ និងដើម្បីរក្សាសណ្ដាប់ធ្នាប់ គឺយើងត្រូវបោះសំរាមចូលទៅក្នុងធុងសំរាម អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់ក៏បានកាន់ឡាំងក្រដាសរបស់គាត់ ដើម្បីមកខ្ចប់អីវ៉ាន់នៅលើតុមួយ

Going To The ATM (Sakanan) — 04


នៅក្នុងរូបភាពទីចូលមកដល់រូបភាពទីយើងឃើញថា ការតម្រង់ជួរគ្នានោះ គឺមនុស្សទាំងអស់រង់ចាំតម្រង់ជួរគ្នា នៅខាងមុខទូអេធីអឹម ឬក៏ម៉ាស៊ីនដកប្រាក់អញ្ចឹងដើម្បីធ្វើការដកប្រាក់ យើងពុំចាំបាច់ចូលទៅក្នុងធនាគារទេ ព្រោះថាគ្រប់ធនាគារទាំងអស់ តែងតែមានម៉ាស៊ីនដកប្រាក់ ឬក៏យើងអាចហៅថា អេធីអឹមអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គ្រប់ធនាគារ គឺសុទ្ធតែមានម៉ាស៊ីនដកប្រាក់ទាំងអស់ ហើយប្រជាជនកម្ពុជា ភាគច្រើន គាត់ពុំសូវហៅម៉ាស៊ីនដកប្រាក់នោះទេ ព្រោះវាវែង បាទ ឈ្មោះវាវែងពេក អញ្ចឹងគេហៅអក្សរកាត់ដូចគ្នាគឺ អេធីអឹម ឬក៏ម៉ាស៊ីនអេធីអឹមអញ្ចឹងនៅក្នុងរូបភាពនេះ មនុស្សទាំងអស់កំពុងតែឈរតម្រង់ជួរនៅខាងមុខម៉ាស៊ីនអេធីអឹម ព្រោះថានៅពេលដែលមានមនុស្សច្រើន ដើម្បីរក្សាសណ្ដាប់ធ្នាប់ យើងត្រូវឈរតម្រង់ជួរគ្នា អ្នកណាមកមុន គឺឈរខាងមុខ ហើយអ្នកណាមកក្រោយ គឺឈរខាងក្រោយ បាទ នៅក្នុងរូបភាពនេះ យើងឃើញថា បុរសដែលពាក់អាវ ខោជើង[] ខោជើងវែងពណ៌ គាត់ឈរខាងមុខគេ នៅជាប់ម៉ាស៊ីនអេធីអឹមតែម្ដង គឺគាត់កំពុងតែដកប្រាក់ អញ្ចឹង បានន័យថា បុរសនោះ គាត់មកមុនគេ អញ្ចឹងគាត់ត្រូវឈរខាងមុខ បន្ទាប់មកបុរសពាក់អាវលឿង និងកូនស្រី គឺគាត់មកទីគឺគាត់ឈរបន្ទាប់ បុរសពាក់អាវស្វាយ គាត់មកបន្ទាប់ គឺគាត់ឈរខាងក្រោយទីរីឯនារីម្នាក់នោះ គាត់ឈរខាងក្រោយគេ ព្រោះថាគាត់មកខាងក្រោយគេ ទោះបីជាមានអាការៈប្រញាប់ប្រញាល់ក៏ដោយ ក៏នារីម្នាក់នោះមិនប្រជែង ឬក៏ប្រជ្រៀតទៅខាងមុខដែរ ព្រោះថាគាត់មកខាងក្រោយ គឺត្រូវឈរខាងក្រោយ ដូច្នេះវាអាចរក្សាសណ្ដាប់ធ្នាប់ និងបានន័យថា យើងបង្ហាញអំពីសុជីវធម៌ និងសីលធម៌របស់យើងផងដែរ ព្រោះថាជាទូទៅ ការមកមុន គឺត្រូវឈរខាងមុខ ការមកក្រោយ គឺត្រូវឈរខាងក្រោយ វាគឺជាសុជីវធម៌ និងសណ្ដាប់ធ្នាប់មួយល្អផងដែរ

Laundry (Sakanan) — 15


បន្ទាប់មកនៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីគាត់សាខោអាវរបស់គាត់ដែលហាលរួចនោះរួចហើយ គាត់ក៏យកខោអាវនោះមកក្នុងផ្ទះ រួចហើយដាក់នៅលើតុមួយ បន្ទាប់មកគាត់ក៏បានបត់ខោអាវ អញ្ចឹងបន្ទាប់ពីគាត់បោកខោអាវហើយ គាត់ហាល បន្ទាប់ពីគាត់ហាលហើយ គាត់សាខោអាវនោះ ដើម្បីយកមកបត់ទុក អញ្ចឹងប្រសិនបើយើងអត់បត់ខោអាវទុកទេ ខោអាវរបស់យើងនឹងមិនមានសណ្ដាប់ធ្នាប់ ហើយវាអាចធ្វើឲ្យប្រឡាក់ខោអាវយើងផងដែរ ដូច្នេះដើម្បីរក្សាសណ្ដាប់ធ្នាប់ខោអាវរបស់យើង យើងត្រូវបត់ខោអាវនោះឲ្យមានសណ្ដាប់ធ្នាប់ល្អ ហើយយកទៅទុកនៅក្នុងទូ ឬក៏ទុកនៅក្នុងកន្លែងណាមួយដែលស្អាត ដូច្នេះខោអាវរបស់យើងនឹងមិនប្រឡាក់ទៀតនោះទេ ជាក់ស្ដែងនៅក្នុងរូបភាពនេះយើងឃើញថា នៅខាងស្ដាំដៃរបស់បុរសនោះ គឺមានខោអាវជាច្រើនដែលមិនទាន់បត់ ដែលជាខោអាវដែលគាត់ទើបតែសាមកពីស្នួហាលខោអាវរបស់គាត់អម្បាញ់មិញ អញ្ចឹងគាត់សាហើយគាត់យកមកទុកលើតុមួយ បន្ទាប់មកគាត់កំពុងតែបត់ខោអាវ ដែលគាត់ គាត់កំពុងតែបត់អាវដែលមានពណ៌ ពណ៌ស្វាយ បាទ គាត់កំពុងតែបត់ខោអាវដែលមានពណ៌ស្វាយ ហើយនៅជិតគាត់ដែលនៅខាងឆ្វេងដៃរបស់គាត់នោះ យើងឃើញមានខោអាវដែលគាត់បត់ហើយជាច្រើន ដែលមានពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿងជាដើម អញ្ចឹងគាត់ហាលខោអាវហើយគាត់សាយកមកដើម្បីបត់ទុក ដែលខោអាវខ្លះ ពេលខ្លះ ដូចជាអាវយឺត ឬក៏ខោខោវប៊យជាដើម យើងមិនចាំបាច់ព្យួរនោះទេ អញ្ចឹងយើងគ្រាន់តែបត់វាជាការស្រេចដើម្បីឲ្យមានសណ្ដាប់ធ្នាប់ ព្រោះខោអាវទាំងនេះគឺនៅពេលដែលយើងយកមកពាក់ គឺវាមិនខ្ទេចនោះទេ ដោយសារតែវាជាអាវយឺត ហើយនិងជាខោខោវប៊យ ដូច្នេះគឺយើងអាចពាក់វាភ្លាមតែម្ដង ដែលយើងមិនត្រូវការអ៊ុតនោះទេ

Getting Up (Sakanan) — 15


នៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីគាត់ដើរបានបន្តិច គាត់បានមកដល់កន្លែងលក់បាយមួយ អញ្ចឹងគាត់បានជួបនឹងនារី អ្នកលក់បាយម្នាក់ បាទ ម្ចាស់តូបលក់បាយ ប៉ុន្តែហាងបាយនោះគឺជាកន្លែងលក់បាយដែលនៅតាមចិញ្ចើមផ្លូវនោះទេ ព្រោះថាគាត់នៅតាមផ្លូវទៅធ្វើការរបស់គាត់ គាត់បានចូលមកកន្លែងលក់បាយនេះ ដោយគាត់បានទិញបាយ បានន័យថាគឺជាអាហារពេលព្រឹករបស់គាត់ អញ្ចឹងយើងមានអាហារពេលព្រឹក នៅក្នុងប្រទេសកម្ពុជាគឺមានច្រើនប្រភេទផងដែរ មានដូចជាបាយស្រូប មានដូចជាបបរ មានដូចជានំបញ្ចុក និងមានដូចជាគុយទាវជាដើម ដូច្នេះជាទូទៅពួកយើងញ៉ាំបាយស្រូប បាទ មុននឹងទៅធ្វើការ ឬក៏យើងទៅដល់កន្លែងធ្វើការហើយទើបយើងញ៉ាំនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះបានទិញបាយស្រូបមួយប្រអប់អញ្ចឹងបានន័យថាគាត់ខ្ចប់ គាត់ឲ្យអ្នកលក់ខ្ចប់បាយស្រូបរបស់គាត់មួយប្រអប់ ដើម្បីជាអាហារពេលព្រឹករបស់គាត់គាត់ពុំបានញ៉ាំនៅនឹងកន្លែងនោះទេ ដោយសារតែគាត់ត្រូវទៅធ្វើការឲ្យទាន់ម៉ោង ឲ្យទាន់ពេលវេលាអញ្ចឹងអ្នកលក់បានយកបាយមួយប្រអប់ ដែលគាត់ខ្ចប់រួច មកឲ្យនារីម្នាក់នោះ តាមការកុម្ម៉ង់របស់នារីម្នាក់នោះ ហើយនារីម្នាក់នោះ គាត់បានហុចលុយទៅឲ្យអ្នកលក់ផងដែរ ទៅលើថ្លៃបាយ ដែលគាត់បានទិញអញ្ចឹងជាទូទៅការលក់បាយនៅតាមផ្លូវនេះ គឺយើងមានជម្រើសពីរ គឺយើងអាចអង្គុយញ៉ាំនៅកន្លែងហាងនោះតែម្ដងក៏បាន យើងឲ្យគេខ្ចប់ក៏បាន ព្រោះថានៅពេលដែលគេខ្ចប់ គេនឹងមានប្រអប់ស្នោមួយ ដើម្បីខ្ចប់បាយឲ្យយើង យ៉ាងមានសណ្ដាប់ធ្នាប់ទៀតផង ហើយគេមានស្លាបព្រាដាក់នៅក្នុងនោះផងដែរ ដើម្បីឲ្យយើងងាយស្រួលញ៉ាំ ដូចនារីម្នាក់នេះ គាត់បានខ្ចប់បាយ ដើម្បីសម្រាប់អាហារពេលព្រឹករបស់គាត់អញ្ចឹង

Laundry (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញបុរសដដែលនោះ គាត់បានដើរទៅរកកន្ត្រកខោអាវ បាទ កន្ត្រកខោអាវអញ្ចឹងគាត់បានដើរដោយទៅរកកន្ត្រកខោអាវរបស់គាត់ដែលគាត់ដាក់ខោអាវដែលប្រឡាក់ យើងឃើញនៅក្នុងរូបភាពនេះ គាត់ដើរមករកតុមួយ បាទ តុមួយដែលនៅខាងមុខគាត់ តុនោះកម្ពស់ប្រហែលត្រឹមចង្កេះរបស់គាត់ អញ្ចឹងតុប្រហែលត្រឹមចង្កេះ ហើយនៅលើតុនោះ គឺមានកន្ត្រកមួយ បាទ កន្ត្រកហ្នឹងគឺគាត់ទុកនូវខោអាវជាច្រើននៅក្នុងនោះ ដែលជាខោអាវប្រឡាក់ដែលគាត់បានប្រើប្រាស់សម្រាប់រយៈពេលមួយអាទិត្យ អញ្ចឹងខោអាវ យើងស្លៀកពាក់គឺយើងត្រូវផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ដូចជានៅពេលដែលយើងទៅធ្វើការ យើងមកពីធ្វើការវិញ យើងត្រូវផ្លាស់ខោអាវធ្វើការ ដោយស្លៀកពាក់សម្លៀកបំពាក់នៅផ្ទះ បន្ទាប់មកនៅពេលដែលយើងចូលគេង យើងផ្លាស់សម្លៀកបំពាក់នោះ ហើយយើងស្លៀកពាក់ខោអាវគេងម្ដង អញ្ចឹងពេលខ្លះយើងអាចប្ដូរបីកំប្លេក្នុងមួយថ្ងៃ ឬក៏ពីរកំប្លេក្នុងមួយថ្ងៃ ព្រោះថានៅពេលដែលយើងស្លៀកខោអាវមួយកំប្លេយូរពេក គឺវាធ្វើឲ្យប្រឡាក់ និងមានការកខ្វក់ ខោអាវនោះនឹងកខ្វក់ ដូច្នេះវាអាចនឹងមានមេរោគតោង អញ្ចឹងយើងត្រូវផ្លាស់ប្ដូរឲ្យបានញឹកញាប់ ដើម្បីរក្សាអនាម័យនៅក្នុងខ្លួន ជាក់ស្ដែងបុរសម្នាក់នេះ គាត់បានស្លៀកពាក់ចំនួនមួយអាទិត្យ ដូច្នេះគាត់ប្រើប្រាស់ខោអាវយ៉ាងច្រើន យើងឃើញខោអាវគាត់[...]ពេញកន្ត្រកតែម្ដង យើងឃើញនៅក្នុងនេះមានដូចជាខោ មានដូចជាអាវ មានស្រោមជើង បាទ ដោយយើងឃើញស្រោមជើងនៅខាងលើគេ គឺស្រោមជើងពណ៌បៃតង អញ្ចឹងគាត់ទុកខោអាវប្រឡាក់របស់គាត់នៅក្នុងកន្ត្រកមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ព្រោះប្រសិនបើគាត់មិនទុកនៅក្នុងកន្ត្រកទេ ខោអាវរបស់គាត់នឹងរាយប៉ាយ អញ្ចឹងរាយប៉ាយ អាចរាយប៉ាយពេញផ្ទះ ឬក៏រាយប៉ាយពេញបន្ទប់របស់គាត់ ធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់ ដែលធ្វើឲ្យបន្ទប់របស់គាត់រញ៉េរញ៉ៃ អញ្ចឹងគាត់ត្រូវដាក់មួយកន្លែង ឬក៏ដាក់នៅក្នុងកន្ត្រកមួយ ដើម្បីឲ្យខោអាវរបស់គាត់មានសណ្ដាប់ធ្នាប់

Cutting One’s Finger (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានចិតបន្លែ ហើយកាំបិតរបស់គាត់មុតដៃស្ដាំរបស់គាត់ហើយ បុរសនោះបានសម្ដែងនូវការឈឺចាប់ ដោយទឹកមុខរបស់គាត់គឺញេញធ្មេញ ហើយភ្នែករបស់គាត់សម្លឹងទៅដៃស្ដាំរបស់គាត់ យើងឃើញនៅក្នុងរូបភាពនេះ គាត់បានយកដៃឆ្វេងរបស់គាត់ចាប់ដៃស្ដាំឡើង បាទ យកដៃឆ្វេងរបស់គាត់ចាប់ដៃស្ដាំឡើង ហើយយកមកមើល អញ្ចឹងគាត់ចាប់ដៃស្ដាំឡើងបែបនេះ គឺដើម្បីយកមកមើលមុខរបួស បាទ គាត់មើលមុខរបួសដែលមុតនឹងកាំបិត អញ្ចឹងកន្លែងដែលមុត ឬក៏កន្លែងដែលមានគ្រោះថ្នាក់ យើងហៅថាមុខរបួស ដូច្នេះហើយមុខរបួសដែលមុតដោយកាំបិត មុតដោយរបស់ស្រួចផ្សេងតែងតែមានសភាពមានហូរឈាមហើយនិងឈឺចាប់ អញ្ចឹងគាត់បានមើលមុខរបួសគាត់ តើមុខរបួសគាត់ធ្ងន់ធ្ងរដែរទេ ដូច្នេះហើយទើបគាត់ចាប់យកដៃឆ្វេង ចាប់ដៃស្ដាំឡើងខ្ពស់បន្តិចដើម្បីយកមកមើល ហើយនៅក្នុងអាការៈបែបនេះគឺគាត់សម្ដែងនៅការឈឺចាប់ចំពោះដៃរបស់គាត់ ដែលបានមុតកាំបិតយ៉ាងខ្លាំង យើងឃើញថា បន្ទាប់ពីមុតដៃហើយ បុរសនោះបានទុកកាំបិតចុះនៅលើតុ អញ្ចឹងគាត់បានទុកកាំបិតចុះនៅលើតុ ហើយគាត់បានមើលដៃរបស់គាត់ យើងឃើញបន្លែនិងកាំបិតនៅលើតុរាយប៉ាយតែម្ដង បានន័យថាបុរសនោះគាត់ស្លន់ស្លោ គឺគាត់ភ័យ អញ្ចឹងហើយគាត់ពុំបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់នោះទេ ដោយសារតែគាត់មុតដៃ បាទ អញ្ចឹងនៅក្នុងការទុកដាក់របស់ស្រួចឬក៏មុត យើងត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះប្រសិនបើយើងទុកមិនមានសណ្ដាប់ធ្នាប់នោះទេ យើងអាចប៉ះរបស់នោះដោយចៃដន្យ អញ្ចឹងនៅពេលដែលយើងប៉ះនូវរបស់នោះដោយចៃដន្យ យើងអាចនឹងមានគ្រោះថ្នាក់ដោយសារតែរបស់នោះម្ដងទៀត ដូច្នេះដូចជានៅក្នុងរូបភាពនេះ ប្រសិនបើគាត់ដាក់ដៃទៅលើតុវិញ នោះគាត់នឹងមុតកាំបិតម្ដងទៀតជាក់ជាមិនខាន ដោយសារតែគាត់ទុករបស់ឬក៏ទុកកាំបិតរបស់គាត់ មិនមានសណ្ដាប់ធ្នាប់ ឬក៏មិនបានទុកដោយមានការប្រុងប្រយ័ត្ន នៅពេលដែលគាត់មុតដៃម្ដងហើយ